កាសែត People’s Daily អញ្ជើញនិពន្ធនាយកកាសែត ដើមអម្ពិល ចូលរូម កិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC)

ភ្នំពេញ៖ កាសែតដ៏ធំរបស់ប្រទេសចិន People’s Daily បានអញ្ជើញលោក សយ សុភា និពន្ធនាយក​កាសែតដើមអម្ពិល ចូលរួមក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC)ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈប្រព័ន្ធអនឡាញ។

យោងតាមលិខិតអញ្ជើញ ឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួម ពីតំណាងកាសែត ដ៏មានឥទ្ធិលពលមួយចំនួន មកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៏ និងវៀតណាម។

ប្រធានបទសម្រាប់កិច្ចពិភាក្សានេះ គឺ “លើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធ ប្រឆាំងកូវីដ១៩ និងស្តារសេដ្ឋកិច្ច”។ សហប្រធានកិច្ចប្រជុំកំពូលនេះ មកប្រទេស មីយ៉ាន់ម៉ា និងមេគង្គឡានឆាង។

បន្ថែមលើសពីនេះ​អ្នកសិក្សាស្រាវជ្រាវ និងសហគ្រាស មកពីប្រទេសខាងលើ ក៏នឹងចូលរូមពិភាក្សាផងដែរ ក្រៅពីនេះ កិច្ចប្រជុំ ក៏នឹងពិនិត្យឡើងវិញផងដែរ នូវផលប៉ះពាល់នានា ទៅលើសេដ្ឋកិច្ចតំបន់ នៅតាមប្រទេសដង ទន្លេឡានឆាង មេគង្គ និងអត្ថប្រយោជន៍ទៅវិញទៅមក តាមរយៈកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ។

នេះជាជាលើកទី២ហើយ សម្រាប់លោក សយ សុភា និពន្ធនាយកសារព័ត៌មាន ដើមអម្ពិល ដែលទទួលការអញ្ជើញ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC) ដែលលើកទី១ ធ្វើឡើង​នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ នាខែកក្កដា ឆ្នាំ២០១៨ ក៏ដូចជាកិច្ចប្រជុំឯទៀតៗ រៀបចំដោយកាសែត Peoples’ Daily។

លោក សយ សុភា បានថ្លែងអំណរគុណចំពោះកាសែត People’s Daily ដែល បានអញ្ជើញរូបលោក ចូលរូមកិច្ចប្រជុំនានារបស់ People’s Daily ចាប់តាំងពីឆ្នាំ២០១៨ រហូតមកទល់នឹងពេលនេះ និងសូមជូនពរឱ្យដំណើរកិច្ចប្រជុំ តាមអនឡាញ នាខាងមុខនេះ ទទួលបានជោគជ័យ។

លោក សយ សុភា ជាបេក្ខជនបណ្ឌិតវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ (AEU) អាស៊ីអឺរ៉ុប កំពុងសរសេរនិកេ្ខបបទ ទំនាក់ទំនងកម្ពុជា (១៩៩៧-២០១៨) និងជាអគ្គលេខាធិការរង សមាគមអ្នកសារព័ត៌មាន កម្ពុជាចិន (សសកច-CCJA)៕

ដោយៈ សយ សុជាតា

អូស្ត្រាលី ប្រកាសជួយកម្ពុជា ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី ប្រកាសឱ្យដឹងនៅទី៧ ខែតុលា ឆ្នាំ២០២០ថា ខ្លួន មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជំនួយ ចំនួន ១លានដុល្លា អូស្ត្រាលី ដើម្បី ពង្រឹង មន្ទីរពិសោធន៍ជាតិត្រួតពិនិត្យ ឱសថរបស់កម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល​ទទួលបាន ឱ្យដឹងថា ជំនួយនេះ នឹងត្រូវផ្តល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជំនាញ ដែលមានឈ្មោះ ថា United States Pharmacopeia សម្រាប់រយៈពេល២ឆ្នាំ (២០២០-២០២២ ) ។ ១លានដុល្លារអូស្រ្តាលី ជំនួយរបស់ ប្រទេសអូស្ត្រាលី នឹង ជួយមន្ទីរពិសោធន៍ ជាតិគ្រប់គ្រង គុណភាព នៃផលិតផល វេជ្ជសាស្ត្ររបស់កម្ពុជា លើកកំពស់ប្រព័ន្ធគ្រប់គ្រង គុណភាពរបស់កម្ពុជា យុទ្ធសាស្ត្រ និង ផែនការប្រតិបត្តិការ មន្ទីរពិសោធន៍ជាតិ ព្រមទាំង បង្កើន ការធ្វើតេស្ត និងរាយការណ៍ អំពីផលិតផល វេជ្ជសាស្រ្តក្លែងក្លាយ និងអន់គុណភាព ។

លោក Pablo Kang ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “មន្ទីរពិសោធន៍ជាតិ គ្រប់គ្រងគុណភាព មានសារៈសំខាន់ ក្នុងការការពារប្រឆាំង នឹងផលិតផលវេជ្ជសាស្រ្ត ក្លែងក្លាយ និង អន់គុណភាព ។ ហេតុនេះហើយអូស្ត្រាលី មានមោទនភាព ក្នុងការជួយឧបត្ថម្ភ មន្ទីរពិសោធន៍ ជាតិ គ្រប់គ្រង គុណភាព ផលិតផល វេជ្ជសាស្ត្រ របស់កម្ពុជា ដើម្បីត្រៀមលក្ខណៈ ទទួលបានការទទួលស្គាល់គុណភាព ពីអង្គការសុខភាពពិភពលោក” ។

អូស្ត្រាលី គឺជាអ្នកគាំទ្រដ៏ធំមួយ ចំពោះប្រព័ន្ធតាមដាននិងត្រួតពិនិត្យ ជាសកលរបស់អង្គការសុខភាព​ពិភពលោក ធ្វើការដើម្បីលើកកំពស់បរិមាណ គុណភាពនិងការវិភាគ ទិន្ន័យត្រឹមត្រូវទាក់ទង នឹង ផលិតផល វេជ្ជសាស្ត្រក្លែងក្លាយ និងអន់គុណភាព និងដើម្បីប្រើប្រាស់ទិន្ន័យទាំងនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនៃការបង្ការ ការរកឃើញនិងការឆ្លើយតប ដើម្បីការពារសុខភាពសាធារណៈ ។ ប្រព័ន្ធតាមដាន និងត្រួតពិនិត្យជាសកល របស់អង្គការសុខភាពពិភពលោក កំពុងតែជួយបង្កើតការមើលឃើញឲ្យកាន់តែច្បាស់នូវប្រភេទ និងកំរិតនៃផលិតផលវេជ្ជសាស្ត្រ ក្លែងក្លាយ និងអន់គុណភាព ក្នុងខណៈដែលករណីខ្លះ កើនឡើងដល់ចំនួនលានករណី ។

របាយការណ៍ ឆ្នាំ២០១៧ នៃប្រព័ន្ធតាមដាន និងត្រួតពិនិត្យជាសកលរបស់អង្គការសុខភាព ពិភពលោក បានដកស្រង់ ការសិក្សាស្រាវជ្រាវ ដោយបង្ហាញ នូវអត្រាបរាជ័យ នៃផលិតផលវេជ្ជសាស្រ្តក្លែងក្លាយ និង អន់គុណភាព ដែលត្រូវគេ សង្កេតឃើញ នៅក្នុងប្រទេស មាន ចំណូល ទាបនិងមធ្យម មានចំនួន ប្រហែល១០ភាគរយ ៖ នោះ មានន័យថា ក្នុងចំណោម អ្នកប្រើប្រាស់១០នាក់ អាចមាន ១នាក់ ដែល ជួបប្រទះឱសថប្រឆាំង មេរោគឱសថ គ្រុនចាញ់ មហារីក និងឱសថ ផ្សេងៗដែលក្លែងក្លាយ ។ ការធ្វើឲ្យបទបញ្ញត្តិ កាន់តែមានប្រសិទ្ធិភាព គឺមានសារៈសំខាន់ ក្នុង ការធានា នូវការទទួលបានឱសថ និងវ៉ាក់សាំង ដែលមានសុវត្ថិភាព ប្រសិទ្ធិភាពនិងគុណភាព ។ ជំនួយថ្មីៗចុងក្រោយ របស់អូស្ត្រាលី ចំពោះគឺបន្ថែមទៅលើជំនួយ ៥០លានដុល្លាអូស្ត្រាលី ដែលយើងកំពុងគាំទ្រដល់គម្រោង លើកកំពស់ សមធម៌ និង គុណភាព សុខាភិបាល (H EQIP )៕

ដោយ៖​សយ សុភា
(អត្ថបទ កាសែតដើមអម្ពិល)

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងអំណរគុណ ដល់អូស្រ្តាលី ជួយជ្រោមជ្រែង គ្រប់កាលៈទេសៈ

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជួយជ្រោមជ្រែង ដល់ប្រទេសកម្ពុជា គ្រប់កាលៈទេសៈ។

ក្នុងជំនួបពិភាក្សាការងារជាមួយ Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ជា ចាន់តូ បានសម្តែងការស្វាគមន៍និងបានជម្រាបជូនអំពីប្រវត្តិនិងការរីកចម្រើនរបស់កម្ពុជា រួមទាំងនៅក្នុងវិស័យធនាគារ ហើយបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីដើមរៀងមក ដោយចាប់ផ្តើមចេញពីអង្គការមនុស្សធម៌ រហូតដល់ការចូលរួម ក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈការផ្តល់អាហារូបករណ៍ផ្សេងៗជាច្រើន។ បើតាមហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា។

លោកទេសាភិបាល បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលអូស្រ្តាលី ក៏បានជួយរួមចំណែកក្របខ័ណ្ឌគតិយុត្តិ នៅក្នុងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជួយពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នផ្នែកហិរញ្ញវត្ថុ នៅកម្ពុជាផងដែរ។ “ស្ថិតក្នុងបរិការណ៍នៃការរីករាលដាល ជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានទទួលរងផលប៉ះពាល់ ដូចបណ្តាប្រទេសផ្សេងៗទៀតដែរ ហើយធនាគារកណ្តាល បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីជំងឺកូវីដ១៩”។

លោកទេសាភិបាល ក៏បានជម្រាបជូនពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា ដែលដុល្លារូបនីយកម្មនេះ បានកើតមានឡើងចាប់តាំងពី អាជ្ញាធរអន្តរកាលសហប្រជាជាតិ នៅកម្ពុជា (UNTAC) ដែលបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក្នុងទីផ្សារសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ធនាគារជាតិនៃកម្ពុជា មានគោលជំហរក្នុងការលើកកម្ពស់ប្រាក់រៀល តាមរយៈយន្តការទីផ្សារ និងមិនមានការប្រើយន្តការរដ្ឋបាល ក្នុងការធ្វើបដិដុល្លារូបនីយកម្មនោះទេ។

លោកទេសាភិបាល ក៏បានអញ្ជើញ លោកទូត ធ្វើការទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដែលបានបង្ហាញពីប្រវត្តិកម្ពុជា ក៏ដូចជាការវិវត្តរបស់វិស័យធនាគារ និងរូបិយវត្ថុនៅកម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន។

លោក Pablo Kang ក៏បានលើកឡើងពី ទំនាក់ទំនងល្អ រវាងកម្ពុជានិងអូស្រ្តាលី ព្រមទាំងបានគាំទ្រនូវអ្វីដែល លោកទេសាភិបាល បានលើកឡើងទាក់ទងនឹង តួនាទីរបស់រាជរដ្ឋាភិបាលអូស្រ្តាលី ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យធនាគារ នៅកម្ពុជា។

លោកទូត បានរំលេចផងដែរថាក្នុងការកាត់បន្ថយផលប៉ះពាល់ ពីជំងឺកូវីដ១៩ អូស្ត្រាលីបានខិតខំប្រឹងប្រែងរួមចំណែក យ៉ាងសកម្មដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាកាត់បន្ថយការឆ្លងជំងឺនេះផងដែរ។ ជាមួយគ្នានេះដែរ អូស្រ្តាលី បានជួយ ក្នុងការបង្កើតមូលដ្ឋានទិន្នន័យ អត្តសញ្ញាណប្រជាជនក្រីក្រនៅកម្ពុជា ហើយបច្ចុប្បន្ន កំពុងបន្តគាំទ្រការងារបន្ថែមទៀត ដើម្បីចូលរួមជួយគាំទ្រវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការឧបត្ថម្ភនានា ដល់ប្រជាជនក្រីក្រ។ រាជរដ្ឋាភិបាលអូស្ត្រាលី នឹងបន្តគាំទ្រការរីកចម្រើនវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបង្កើនវិសាលភាពការងារ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕

ស្ថានទូត អូស្រ្តាលី ប្រកាសស្វាគមន៍ហាងថ្មី មកកាន់ភ្នំពេញ-ត្រាំង!

ភ្នំពេញ៖ Dennis និង Philip មកពី ទីក្រុង Sydney បានមកតាំងទីលំនៅ នៅភ្នំពេញ បន្ទាប់ពីត្រឡប់មកពីសៀមរាបវិញ។ ពួកគេបានបើកសម្ពោធ ហាងត្រាំង នៅថ្ងៃទី១២ ខែកញ្ញា កន្លងមក។

ឯកអគ្គរាជទូត Kang បានទៅមើលហាងរបស់ពួកគេ ដើម្បីស្វាគមន៍ពួកគេមកកាន់ទីក្រុងភ្នំពេញ។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ។

ត្រាំង ជាហាងលក់កាដូ សម្ភារៈបុរាណ សំលើកបំពាក់ និងសម្ភារៈផ្សេងៗ និងជាយីហោឆ្លុះបញ្ចាំង ពីរបៀបរស់នៅបែបកម្ពុជា ដំបូងបំផុត។

ស្ថានទូត បានចាប់អារម្មណ៍ថា “វាជាកំណប់ទ្រព្យនៃអ្វីគ្រប់យ៉ាង ដែលយើងស្រឡាញ់ ពីព្រះរាជាណាចក្រអច្ឆរិយៈនេះ។ យើងអបអរ និងលើកតំកើងសម្ភារៈសាមញ្ញនានា និងទំនៀមទម្លាប់ប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា នៅតាមជនបទ និងទីក្រុង តាមរយៈការប្រមូលផ្តុំសម្ភារៈប្លែក និងចាស់ៗនេះ។”

“កូវីដ-១៩ បានធ្វើឲ្យយើងត្រូវធ្វើការវាយតំលៃ និងកែប្រែអាជីវកម្មឡើងវិញ ព្រមទាំងត្រូវផ្លាស់ប្តូរទីតាំងម្តងទៀត មកកាន់ទីក្រុងធំ។”

អ្នកអាចទៅកាន់ហាងត្រាំង ដែលមានទីតាំងនៅអគារចាស់ជំនាន់អាណានិគម ដែលបានជួសជុលថ្មីឡើងវិញ ជិតមាត់ទន្លេ ក្នុងភ្នំពេញ នៅផ្ទះលេខ ១២៦ ផ្លូវ ១៩ ខ័ណ្ឌដូនពេញ។ អ្នកអាចមកមើល ការរចនាម៉ូដ និងធ្វើសំលៀកបំពាក់ ដែលបានរចនាឡើងដោយដៃ ព្រមទាំងអាវយឺតបោះពុម្ពដោយដៃ គ្រឿងអលង្ការប្លែកៗជាច្រើនគ្រប់ប្រភេទ កូនកន្សែងតូចៗ សម្ភារៈខ្មែរចាស់ៗ ចានឆ្នាំង គ្រឿងសង្ហារឹមនានា។

អ្វីទៅដែលល្អបំផុត? គ្រប់យ៉ាងនៅក្នុងហាង គឺយកមក និងផលិតនៅក្នុងប្រទេសកម្ពុជា!

តើអ្នកស្គាល់ជនជាតិ អូស្រ្តាលីផ្សេងទៀត ដែលមកវិនិយោគនៅកម្ពុជា នៅពេលនេះទេ? សូមផ្ញើរឿងរ៉ាវរបស់អ្នកមកអ្នកតាមរយៈ socialmedia.phnompenh@dfat.gov.au ៕ដោយ: សយ សុភា

ផលប៉ះពាល់កូវីដ១៩៖ អ្នកជំនាញ អចលនទ្រព្យកម្ពុជា ស្នើរាជរដ្ឋាភិបាល ពិចារណាពន្យារ ការអនុវត្ត ពន្ធមូលធន

ភ្នំពេញ៖ បណ្តាអ្នករកស៊ីទទួលទាន ខាងអចលនទ្រព្យ នៅប្រទេសកម្ពុជា បានអំពាវនាវ ទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យពិចារណាឡើងវិញ លើករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដាក់កំហិត ឱ្យមានការយកពន្ធមូលធន​ លើការលក់ដូរ អចលនទ្រព្យ ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយលើកឡើង ពីវិបត្តិជំងឺកូវីត១៩ នៅបន្តវាយប្រហារ សេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យប្រទេសខ្លះ មានកំណើនសេដ្ឋកិច្ច ទាបជាងការរំពឹងទុក​។

លោក ឃាង ពុទ្ធី ប្រធានប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ (CREA) បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ថា ពន្ធមូលធន គឺសំណូមពរឱ្យអាជ្ញាធរ ជាពិសេសមន្រ្តីពន្ធដារ ព្យាយាមពន្យល់ ប្រជាជនឱ្យយល់ តាមរយៈសារព័ត៌មាន ទូរទស្សន៍ តាមហ្វេសប៊ុក របស់អគ្គនាយក ដ្ឋានពន្ធដារ ប៉ុន្តែប្រជាជន នៅតែមានចម្ងល់ នៅតែមានការចោទសួរ និងនៅតែគិតថា ប្រាក់ពន្ធមូលធន ២០ភាគរយហ្នឹងខ្ពស់។

លោកបន្ថែមថា “សម្រាប់ខ្ញុំវិញ ក្រោយពីបានស្តាប់ ការពន្យល់របស់មន្រ្តី នៃអគ្គនាយកដ្ឋានពន្ធដារ រួចមក​គឺថា ប្រាក់ពន្ធមូលធន ដែលចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ គឺមាន៤ភាគរយ​ គឺប្រហាក់ប្រហែល នឹងពន្ធប្រថាប់ត្រាដែរ។ ឧទាហរណ៍ លក់ផ្ទះរឺលក់តម្លៃ ១០ម៉ឺនដុល្លារ គឺជាប់ពន្ធប្រហែល ៤ពាន់ដុល្លារ”។

លោក ពុទ្ធី បន្ថែមថា “ខ្ញុំចង់មានការ ផ្សព្វផ្សាយពន្យល់ ប្រជាជន អ្នកវិនិយោគទុនជាតិ អន្តរជាតិ ទៅលើការទិញដូរ អចលនទ្រព្យឱ្យបាន​យល់​ ឱ្យបានជ្រួតជ្រាប ឱ្យបានក្បោះក្បាយ ពន្យល់ពីមូលហេតុ ហេតុផល ពីព្រោះថាការដកពន្ធជួយទៅជាតិ ជួយ​ទៅរដ្ឋ​ ជួយទៅការអភិវឌ្ឍជាតិ មិនមែនជាអ្វីដែលអាក្រក់ ដែលមិនល្អទេ។ រដ្ឋប្រមូលពន្ធបានច្រើន គាត់មានសាច់​ប្រាក់ តម្លើងប្រាក់ខែមន្រ្តីរាជការ និងដើម្បីចំណាយ ទៅការអភិវឌ្ឍផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលកំពុងត្រូវការថវិកាដែរ សម្រាប់ការអភិវឌ្ឍ ការរៀបចំ កម្មវិធីសិក្សាអប់រំ អភិវឌ្ឍន៍វិស័យ សុខាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះ​ ផ្លូវថ្នល់ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន ជាដើម។ ខ្ញុំគិតថា រដ្ឋមានមូលហេតុ ការប្រមូលពន្ធ ហើយប្រសិនបើ ការប្រមូលពន្ធ ប្រកបដោយតម្លាភាព ប្រទេសយើង​នឹងមានការអភិវឌ្ឍ ឈានឡើង មួយកម្រិតទៀត”។

បើតាមការវាយតម្លៃផ្ទាល់ខ្លួន របស់លោក ពុទ្ធី នោះគឺថា “អ្វីដែលមានប្រតិកម្ម ពីមហាជននោះ គឺដោយសារតែឥឡូវនេះ មានបញ្ហាកូវីដ១៩ ប្រជាជន រឺក៏អាជីវករ ពាណិជ្ជករ​ ក្នុងផ្នែកមួយចំនួន ប្រាក់ចំណូល របស់គាត់ធ្លាក់ចុះ ដូច្នោះហើយ ធ្វើឱ្យគាត់ មានការបារម្ភ ឬការគិតអវិជ្ជមាន ដែលបង្កើតជា ពាក្យចចាមអារ៉ាម និយាយនេះ និយាយនោះ។​ ចឹងទេ សូមឱ្យមន្រ្តីពន្ធដារ ព្យាយាមនិយាយពន្យល់ និងផ្សព្វផ្សាយ ឱ្យបានទូលាយ ពន្យល់ឱ្យបានក្បោះក្បាយ”។

ជាមួយគ្នានេះ លោក ឆៃ លីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យឆៃលីន ស៊ា រៀលធី ខូអិលធីឌី ក៏បានឡើងផងដែរថា លោកទទួលស្គាល់ថា ប្រទេសមួយ គួរតែមានការយកពន្ធនឹង ខណៈប្រទេសមួយចំនួន នៅលើពិភពលោក បានអនុវត្ត​រួចមកហើយ។ លោក ក៏ទទួលស្គាល់ទៀតថា វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ប៉ុន្មានចុងក្រោយ​ មានការរីកចម្រើន ពីការទិញលក់ច្រើន។

អ្នកជំនាញរូបនេះ បានលើកឡើងបន្ថែមថា “ខ្ញុំក៏ដឹងថា រាជរដ្ឋាភិបាល រៀបចំច្បាប់នេះ យូរមកហើយដែរ មិនមែនថា រាជរដ្ឋាភិបាល ជាពិសេសនាយកដ្ឋាន ពាក់ព័ន្ធនឹងគាត់ ទើបតែនឹកឃើញហើយ គាត់អនុម័ត ដើម្បីឱ្យគិតពន្ធនេះ ដោយប្រញ៉ាប់ ប្រញ៉ាលនោះទេ”។ “តែក្នុងនាមខ្ញុំប្រតិបត្តិ ទៅលើវិស័យនេះ ហើយជាពិសេសនេះ អន្តរកាលចុងក្រោយ ដែលកំពុងមានវិបត្តិ ជំងឹឆ្លងជាសាកល ជំងឺកូវីដ១៩នេះ អូសបន្លាយមកប្រមាណ ជា៨ខែហើយមកដល់ពេលនេះ ធ្វើឱ្យគ្រប់វិស័យ ទាំងស្ថាប័ន មានការរអាក់រអួល ឬក៏មានការយឺតយ៉ាវ ក្នុងអាស្រ័យផល ទទួលប្រាក់ចំណេញ និងការចាយវាយផ្សេងៗ ធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ ធ្លាក់ចុះជាសាកលតែម្តង”។

លោក លីន បន្ថែមថា “ខ្ញុំគិតថា ប្រសិនបើជា រាជរដ្ឋាភិបាលយើង ជាពិសេស ក្រសួងសេដ្ឋកិច្ចហិរញវត្ថុ ហើយមានអគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការ​ លោកពិចារណាឡើងវិញ ក្នុងការពន្យារពេល ដើម្បីចាប់ផ្តើមអនុវត្តន៍ នូវប្រកាស លេខ៣៤៦នេះ​ ខ្ញុំគាំទ្រ ឱ្យមានរយៈកាលកំណត់មួយ នៅពេលសេដ្ឋកិច្ចសាកល ក៏ជាសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់យើង រីកចម្រើនកាន់តែខ្លាំងឡើងវិញ ត្រឡប់មកវិញ ពីការថយចុះ ដោយសារជំងឺឆ្លងជាសាកល នោះគឺជាការល្អ”។

លោកអគ្គនាយកឆៃលីន រៀលធីស៊ា បន្តថា “ខ្ញុំជានាយក ក្រុមហ៊ុនអចលនទ្រព្យ ខ្ញុំក៏ចង់មានការអំពាវនាវ ទៅដល់រាជរដ្ឋាភិបាលដែរ បើសិនជាអាច សូមឱ្យពិនិត្យ ឡើងវិញ នៅក្នុងកម្រិតណាមួយ ដើម្បីធ្វើឱ្យមាន ការធូស្រាល មុននឹងការ កំណត់យកពន្ធ លើប្រាក់ចំណេញ មូលធននេះ”។

លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹង នៅក្នុងសន្និសីទកាសែត នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ថា វិបត្តិជំងឺឆ្លងជាសាកល ធ្វើឱ្យចំណូល វិស័យទេសចរណ៍ ប្រមាណ ៥ពាន់លានដុល្លារ ត្រូវខាតបង់ សម្រាប់ប្រទេសកម្ពុជា។

របាយការណ៍ របស់ធនាគារពិភពលោក (World Bank_WB) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានវាយតម្លៃ ផលប៉ះពាល់ សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០នេះថា នឹងមានការធ្លាក់ចុះ រង្វង់ -១ភាគរយ រហូតដល់ -២,៩ ភាគរយ។

រីឯធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) កាលពីខែមិថុនា ឆ្នាំ២០២០ ក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា​ នឹងរងផលប៉ះពាល់ រហូតដល់ -៥,៥ភាគរយ តែប្រសើរឡើងវិញ នៅឆ្នាំ២០២១ ក្នុងកំណើន៥ភាគរយ៕

ដោយៈ​ សយ សុជាតា

(https://dap-news.com/national/2020/09/07/80806/)

ក្នុង​ឱកាស​បើក​​សម្ពោធ​ផ្លូវ​​ជាតិ​​ លោកហ៊ុន​​​ប្រតិកម្ម​​ម្ដង​​ទៀត​ទៅ​នឹង​ការ​ប្រៀប​ប្រដូច​ការ​ដឹក​នាំ​របស់​លោក​ទៅ​នឹង​មេដឹក​នាំ​មជ្ឈិមបូព៌ា

ព័ត៌មានថ្មីៗ 16:11:49, 14 November 2011

This slideshow requires JavaScript.

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រតិកម្ម​ជាសាធារណៈជា​ថ្មី​ទៀត​ទៅ​នឹង​ការ​ប្រមាថ​​នានា ដែល​ថា​នៅ​ទីអវសាន​ រូបលោកនឹង​មាន​វាសនា​ដូច​បណ្តា​មេដឹក​នាំ​នានា​នៅ​មជ្ឈឹម​បូព៌ា​និង​នៅ​ អាហ្រ្វិក ដែល​ទី​បញ្ចប់​មេដឹក​នាំ​ទាំង​នោះ ត្រូវ​បាន​គេ​បះ​បោរ​ទម្លាក់​ចេញ​ពី​អំណាច និង​កាត់​ទោស​ប្រហារ​ជីវិត។

ជាបន្ត​សូម​ស្តាប់​សេចក្តី​រាយការណ៍​របស់​លោក​សយ សុភា ពីរាជធានី​ភ្នំពេញ៖

Tags: , , ,

ការ​ប្រារព្ធខួប​លើក​ទី​៥៨ នៃ​ទិ​វា​បុណ្យ​ឯករាជ្យ​ជាតិ

ព័ត៌មានថ្មីៗ 17:11:46, 9 November 2011

This slideshow requires JavaScript.

ថ្ងៃ​ទី​៩​​វិច្ឆិកា​ ឆ្នាំ​២០១១​ នៅ​​ឆ្នាំ​នេះ​ ជា​ខួប​​លើក​​ទី​៥៨​ នៃ​​ទិវា​បុណ្យ​​ឯករាជ្យ​​ជាតិ​ ដែល​​កម្ពុជា​​បាន​​ប្រារព្ធ​​ពិធី​​ខួប​​អនុស្សាវរីយ៍​យ៉ាង​អធិកអធម​ ក្រោម​​ព្រះរាជា​ធិបតីភាព​​ដ៏​ខ្ពង់ខ្ពស់​របស់​​ព្រះមហាក្សត្រ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ និង​​ប្រមុខ​​ដឹក​នាំ​​រដ្ឋាភិបាល​ នា​ម៉ឺន​​សព្វ​មុខ​មន្ត្រី​ ព្រម​ទាំង​​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។​

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ នៅព្រឹក​​ព្រលឹមថ្ងៃ ទី៩វិច្ឆិកានេះ​ ប្រារព្ធ​ធ្វើ​នៅ​ទីលាន​​វិមាន​ឯករាជ្យ។​
លោក​ស​យ ​សុភា​ អ្នក​​ឆ្លើយ​​ឆ្លង​ព័ត៌មាន​​ឲ្យ​​​ Radio Australia បាន​ទៅ​យកការណ៍​ដល់កន្លែង​​​ប្រារព្ធ​ ​ខួប​​ លើកទី​៥៨ នៃទិវាបុណ្យ​ឯករាជ្យ​​ជាតិ​នៅ​​វិមាន​​​ឯករាជ្យនា​ពេល​ព្រឹកមិញនេះ។​
បទសម្ភាសន៍៖
ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​​អាណា​​ព្យាបាល​ពី​ប្រទេស​​បារាំង​ចាប់តាំងពី​ឆ្នាំ​ ១៨៦៣​។​ រហូត​​ដល់​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង បាន​ផ្តល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា​ ក្រោម​​ព្រះរាជ​បូជនីយ​កិច្ច ទាមទារ​ឯករាជ្យ​របស់​ព្រះ​ករុណា ព្រះមហា​វីរក្សត្រ​ សម្តេចព្រះ នរោត្តម​ សីហនុ​៕
(សយ សុភា និង លឹមសេង)

Tags: , , , , ,

ប៊ូអ៊ីង តម្លើង​យន្តហោះ ប្រភេទ៧៧៧ ទី១០០០​​ របស់ខ្លួន

រែសម្រួលដោយ៖ សយ សុភា

កូឡាឡាំពួរ ៖ កម្មករក្រុមហ៊ុន ផលិតយន្តហោះ ម៉ាកប៊ូអ៊ីង នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា នេះ បានចាប់ផ្តើមតម្លើងយន្តហោះ ប្រភេទ៧៧៧ ទី១០០០ របស់ខ្លួន ។ នេះបើយោងតាម​សេចក្តី​ប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន ប៊ូអ៊ីង ចេញនៅថ្ងៃព្រហស្បតិ៍ ។

ទីភ្នាក់ងារព័ត៌មាន ម៉ាឡេស៊ី ប៊ែណាម៉ា រាយការណ៍ឱ្យដឹងថា យន្តហោះ គឺប្រភេទប៊ូអ៊ីង៧៧៧-៣០០WE។ ហើយវានឹងត្រូវប្រគល់ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅរដ្ឋធានីឌូបៃ នៅខែមិនាឆ្នាំ២០១១ ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺជាអតិថិជន ដ៏ធំបំផុតសម្រាប់ យន្តហោះប្រភេទប៊ូអ៊ីង ៧៧៧ ។

ពិធីមួយត្រូវគេប្រារព្វធ្វើឡើង ដើម្បីចាប់ផ្តើមការផលិត ដែលត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ នៅក្នុងទីអេវើរេត៌។ ការបន្ថែមបុគ្គលិក សម្រាប់ការ ផលិត បានធ្វើឱ្យក្រុមហ៊ុនចំណាយ​ពេលតែ​៤៩ថ្ងៃ ក្នុងដំណើរការផលិត។

លោកឡូហ្វទីស អនុប្រធាននិងជាអ្នកចាត់ការទូទៅ នៃកម្មវិធីផលិតយន្តហោះប៊ូអ៊ីង៧៧៧ បាន​មានប្រសាសន៍ថា “យើងពិតជាមិនអាច សម្រេច បាននូវជោគជ័យជាប្រវត្តិសាស្រ្តបាននោះទេ ដរាបណាគ្មានការរិះគំនិតថ្មី ការបង្កើតថ្មីពីសំណាក់និយោជិតជាច្រើនពាន់នាក់នៅទីនេះ របស់ ក្រុមហ៊ុនប៊ូអ៊ីង និងអ្នកផ្គត់ផ្តង់ជាង៥០០០ នៅជំវិញពិភពលោក ដែលស្ថាបនា ៧៧៧”៕

យីងឡាក់ នឹងមិនលាលែងដោយសារវិបត្តិទឹកជំនន់នោះទេ

ប្រែសម្រួលដោយ៖ សយ សុភា

បាងកក៖ នាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃព្រហស្បតិ៍នេះ បានសច្ចា​ថា​ នឹងនៅតែតស៊ូដ៏ស្វិតស្វាញជាមួយនឹងវិបត្តិទឹកជំនន់ដែលបណ្តាលឱ្យមនុស្សស្លាប់​ បើទោះបី​ជាមានការ​រិះគន់​ចំពោះ​ចំណាត់ការរបស់លោកស្រី ទៅនឹងគ្រោះមហន្តរាយនេះ យ៉ាងណាក្តី។

លោកស្រី​បានថ្លែងប្រាប់​អ្នករាយការណ៍ព័ត៌មាន នៅពេលដែលមានការសាកសួរថាតើ​លោកស្រី​ពិចារណា​អំពីការលាលែងពីតំណែងដែររឺយ៉ាងណានោះ ថា “ពលរដ្ឋគាំទ្រ​ខ្ញុំ ហើយបានបោះ​ឆ្នោត​​ឱ្យខ្ញុំ អីចឹង​ហើយខ្ញុំត្រូវ​តែបន្តការងាររបស់ខ្ញុំ ឱ្យពីកម្លាំងកាយកម្លាំងចិត្ត​តាមសមត្ថភាព​របស់​ខ្ញុំ”។ នេះបើយោង​តាមគេហ​ទំព័រ Channel NewsAsia ដែលផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។

ទឹកជំនន់​ ដែលបង្កឡើងដោយទឹកភ្លៀងមិនទៀងទាត់ ជាច្រើនខែមកនោះ បានសម្លាប់មនុស្ស​ប្រមាណ​៥៣៣​នាក់​ និងធ្វើឱ្យខូចខាត​ផ្ទះសម្បែង​និងប្រជាពលរដ្ឋ រាប់រយខ្នងនិង​រាប់លាននាក់​នៅទូទាំង​ប្រទេស។

ទឹក​ជំនន់ បានស្រកតិចៗ នៅក្នុងកណ្តាលរាជធានីបាងកក ទីដែលមានប្រជាជនប្រមាណ១២​លាននាក់ បានធ្វើឱ្យខូចខាតដល់ផ្លូវនានា និងគំរាមកំហែង​ដល់​បណ្តាសណ្ឋាគារប្រណិតៗ ព្រម​ទាំងផ្សារទំនើបៗផងដែរ។

ក្នុងដំណើរបំពេញទស្សនកិច្ច​ ទៅកាន់ទីតាំងជម្រក ដែលត្រូវបានធ្វើសម្រាប់ជនរងគ្រោះ នៅក្នុង​សង្កាត់​ឆាតុឆាក់ នៃរាជធានីបាងកក លោកស្រី យីង ឡាក់ បានសុំការយោគយល់ពី​សាធារណ​ជន។

លោកស្រីបន្តថា “អ្នករាល់គ្នា​ ធ្វើការយ៉ាងអស់ពីសមត្ថភាព​។ វាគ្រោះធម្មជាតិ​ដែល​បណ្តា​ប្រទេស​​នានា​ ខកខាន​នៅមិនរាំងខ្ទប់នោះឡើយ”។ “ខ្ញុំចង់​ស្នើឱ្យមានការអាណិតអាសូរ​ដល់​មន្រ្តីទាំងអស់​ដែលខិតខំធ្វើការក្នុងសម្រួលទឹកដែលជន់លិច​ ហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់​ក៏​នឹង​បំពេញ​ការងារឱ្យពីសមត្ថភាព​ និងស្តាប់យោបល់​នានាផងដែរ”។

ការលើកឡើងឱ្យមានការលាលែងតំណែងនេះ គឺធ្វើឡើងដោយក្រុមបក្សប្រឆាំ​ង៕

ប្រជាពលរដ្ឋ រាប់ពាន់នាក់ ចុះឈ្មោះចូលរួម តាមដានដោយផ្ទាល់ សវនាការលើ​អង្គ​សេច​ក្តី សំណុំរឿង០០២

ដោយ៖សយ សុភាសេង ផល្លាភ

ភ្នំពេញៈ ចាប់តាំងពីថ្ងៃដែលអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រឺហៅ​សា​មញ្ញ​ថា តុលាការខ្មែរ​ក្រហម បានប្រកាសអំពីពេលវេលាជាក់លាក់ នៃ​ការបើក​សវនាកា​រលើ​អង្គ​សេ​ច​​​​​​ក្តី​​ទៅ​​​លើអតីត្តមេដឹកនាំកំពូលៗនៃរបបកម្ពុជា ប្រជាធិប្បតេយ្យរួចមកនោះ រហូតមក​ដល់​បច្ចុប្បន្ន​​​នេះ មានអ្នកចុះឈ្មោះចូលរួមតាមដានក្នុងអង្គសវនាការដោយផ្ទាល់ មានចំនួន​រាប់​ពាន់​​នាក់​ហើយ។

ន្ត្រីអ្នក​នាំពាក្យ​សាលា​​ក្តី​ខ្មែរ​ក្រហម លោក នេត ភ័ក្ត្រា បានប្រាប់មជ្ឈមណ្ឌល​ព័ត៌មានដើម​អម្ពិល​​ឲ្យ​ដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១១នេះថា រហូតមកដល់ពេល​នេះមា​នអ្នក​ចុះ​ឈ្មោះ​ចូលរួម​តាមដានដោយផ្ទាល់ នៅក្នុងអង្គជំនុំជម្រះវិ​សាមញ្ញក្នុងតុលាការកម្ពុជា មានចំនួនរាប់​ពាន់​​​​នាក់​​ហើយ ក្នុងនោះមានប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តក្រុងផ្សេងៗ ដែលពួក​គាត់​បាន​​ស្នើ​​សុំចុះឈ្មោះ ដើម្បីចូលរួមនៅក្នុងអង្គសវនាការទស្សនាដោយផ្ទាល់ និងមានទីភ្នាក់​ងារ​​​សារ​​ព័​ត៌មានអន្តរជាតិធំៗមួយចំនួន ក៏នឹងត្រូវចូលរួម​នៅក្នុងការបើកសវនាការ​លើអង្គ​សេច​​ក្តីដែលគេគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ខាងមុខនេះផង​ដែរ។

​លោកបន្តថា មិនតែ​ប៉ុណ្ណោះ​​ ក៏មានមន្រ្តីទូត ប្រចាំនៅកម្ពុជា រួមទាំងមន្រ្តីអង្គការក្រៅ​រដ្ឋា​ភិបាល​នានា និងអ្នកស្រាវ​ជ្រា​វ​​ប្រវត្តិ​​សាស្រ្ត ក៏បានស្នើសុំចុះឈ្មោះ ដើម្បីចូលរួមក្នុងសាលសវ​នាការដោយផ្ទាល់ផ​ង​ដែរ​។

លោកបន្តថា ប្រជាពលរដ្ឋដែលមកពីតាមបណ្តាខេត្តនានា សាលាក្តីខ្មែរក្រ​ហម ផ្នែកកិ​ច្ចការ​សាធារណៈ និងបញ្ជូនរថយន្តទៅដឹកជញ្ជូនពួកគាត់ពីភូមិឃុំ របស់ពួកគាត់ មកសាលាក្តី​ខ្មែរ​ក្រ​ហមដោយមិនគិតប្រាក់។

លោកបញ្ជាក់ថា “រហូតមកដល់ពេលនេះ យើងឃើញថា ប្រជាពលរដ្ឋខ្មែរជាង​១០ម៉ឺននាក់ ហើ​យដែលបានមកធ្វើទស្សនកិច្ចសិក្សា នៅសាលាក្តីខ្មែរក្រហម ក៏ដូចជាចូលរួមទស្សនា ដំណើរ​ការ​សវនាការ មួយចំនួននាពេលកន្លងមកដោយគិចចាប់ពីឆ្នាំ២០០៩ រហូត​ដល់​ឆ្នាំ២០​១១​នេះ​”។

សូមជម្រាបថា កាលពី​​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១១កន្លងទៅ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា​ការ​កម្ពុជា បានប្រកាសនៅរបៀបវារៈ នៃការបើក​សវនាការ​លើអង្គ​សេច​​ក្តី ដើម្បី​ជំនុំ​ជម្រះ​សំ​ណុំ​រឿង០០២ ប្រឆាំងនឹងមេដឹកនាំ​កំពូលៗក្នុងរប​បកម្ពុជា​ប្រជាធិ​ប​តេ​​យ្យ ចំនួន៤រូប គឺ​លោក​ខៀវ សំផន នួន ជា អៀង សារី និងអៀង ធិរិទ្ធ ដែលនឹង​ចាប់​​​​ផ្តើមនៅវេលាម៉ោង៩ព្រឹក ចាប់​ពីថ្ងៃ​ទីច័ន្ទទី២១ ខែវិច្ឆិកាឆ្នាំ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា​ឆ្នាំ២០១១ ដែលមានរយៈពេល៤ថ្ងៃ។

ចំពោះរបៀបវារៈ នៅថ្ងៃទី១​នៃការបើកសវនាការនៅថ្ងៃខាង​មុខ​នេះ ទី១ គឺការ​អានប​ទ​ចោ​ទ​ប្រ​កាន់​ទាំងឡាយប្រឆាំង នឹងជនជាប់ចោទនីមួយៗ ទី២ គឺ​ការ​ថ្លែងសេចក្តី​សន្និដ្ឋាន​ចោទប្រ​កាន់​រប​ស់ហសព្រះរាជអាជ្ញា។របៀបវីរៈ នៅថ្ងៃទី២ ការ​ថ្លែង​សេច​ក្តីសន្និដ្ឋាន​ចោទ​ប្រកាន់​របស់​ស​ហ​ព្រះ​រាជអាជ្ញាបន្តទៀត របៀបវារៈថ្ងៃទី៣​គឺការឆ្លើយ​តប​របស់ក្រុមមេធាវីការពារក្តី ទៅនឹង​ការ​ចោទ​ប្រកាន់របស់សហព្រះរាជអាជ្ញា និងរបៀបវារៈ​នៅថ្ងៃ​ទី៤ ដែលជាថ្ងៃបញ្ចប់នៃ​​​សវនា​ការ​នោះ គឺការឆ្លើយតបរបស់ក្រុមមេធាវីការពារក្តីទៅ នឹងសេច​ក្តី​សន្និ​ដ្ឋាន​លើ​បទ​ចោទ​ប្រកាន់​របស់​​សហព្រះរាជអាជ្ញា។ បន្ទាប់ពីធ្វើសេចក្តីសន្និដ្ឋាន​ចោទប្រកាន់របស់​សហ​ព្រះរាជ​អាជ្ញា និង​​ការ​ឆ្លើយតបរបស់ក្រុម​មេធាវីការពារក្តីរួចមក សវនាការដើម្បីពិ​និត្យលើ​ភ័​ស្តុ​តាង​នៅក្នុងសំ​ណុំរឿង០០២ ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា​រឆ្នាំ​២០១១​៕